ហ្វីលីពីនមិនយល់ស្របនឹងមធ្យោបាយដោះស្រាយរបស់អាស៊ាន
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីនបានបញ្ជាក់កាលពីថ្ងៃចន្ទទី១៩ ខែវិច្ឆិកាថា ហ្វ៊ីលីពីនមិនបានយល់ព្រមក្នុងការមិនដាក់ការដោះស្រាយជម្លោះដែនដីក្នុងដែនសមុទ្រចិនខាងត្បូងជាលក្ខណៈអន្តរជាតិនោះទេ។
កាលពីថ្ងៃអាទិត្យលោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានថាក្រុមមេដឹកនាំកំពូលអាស៊ានបានសម្រេចរួមគ្នាថា នឹងមិនធ្វើអន្តរជាតូបនីយកម្មជម្លោះនៅដែនសមុទ្រចិនខាងត្បូងនោះទេ។
លោកបញ្ជាក់ថា អាស៊ាននឹងដោះស្រាយបញ្ហានេះតាមយន្តការដែលមានស្រាប់ជាមួយប្រទេសចិន។ ក៏ប៉ុន្តែលោករដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីន ឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ (Albert Del Rosario) បានថ្លែងនៅថ្ងៃនេះថាយ៉ាងហោចណាស់មានហ្វ៊ីលីពីន និងប្រទេសមួយទៀតដែរដែលមិនយល់ស្របនឹងជំហខាងលើ។
លោកឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ មិនបានបញ្ជាក់ថា ប្រទេសមួយទៀតគឺជាប្រទេសណានោះទេក៏ប៉ុន្តែនាពេលកន្លងមកហ្វ៊ីលីពីន និងវៀតណាមគឺជាប្រទេសពីរក្នុងចំណោមប្រទេសដែលមានជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងបានតវ៉ាយ៉ាងខ្លាំងក្លាឲ្យយកបញ្ហាដ៏ចម្រូងចម្រាស់នេះទៅដោះស្រាយក្នុងរង្វង់អាស៊ានទាំងមូល។
លោករដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីន លើកឡើងថាប្រធានាធិបតីហ្វ៊ីលីពីនលោក បេនីហ្គណូ អាហ្គីណូ (Benigno Aquino) ក៏បានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅថ្ងៃនេះដែរថាហ្វ៊ីលីពីនមិនយល់ព្រមមិនដាក់ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាលក្ខណៈអន្តរជាតិនោះដោយផ្អែកលើផលប្រយោជន៍ប្រទេសជប៉ុន។
ដំណាលគ្នានេះលោកនាយករដ្ឋមន្ដ្រីជប៉ុនយ៉ូស៊្សីកូ ណូដា (Yoshiko Noda) បានលើកអំពីកង្វល់របស់ជប៉ុនក្នុងជំនួបកំពូលអាស៊ានជប៉ុនដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនលោកណូដាបញ្ជាក់ថា ជម្លោះនេះអាចនាំឲ្យមានការប៉ះពាល់ដោយផ្ទាល់ដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្ដ្រីជប៉ុនបានស្នើឲ្យភាគីមានជម្លោះដោះស្រាយបញ្ហាតាមគោលការច្បាប់អន្តរជាតិ។
លោកម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់បន្ថែមពីជំហរបស់ជប៉ុនក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន។ លោកម៉ាទីបញ្ជាក់ថា
«ជប៉ុនបានបង្ហាញជាមូលដ្ឋាននូវកង្វល់របស់ខ្លួនអំពីការវិវត្តនៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូងហើយជប៉ុនសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយតាមរយៈសេចក្តីប្រកាសនៃក្រមប្រតិបត្តិនិងក្រមប្រតិបត្តិស្តីពីជម្លោះនៅដែនសមុទ្រចិនខាងត្បូង»៕
នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ
បាងកក៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទៅកាន់ប្រទេស៣នៅអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា មួយផ្នែកគឺដើម្បីជាការជំរុញខាងការទូតខណៈដែលមានភាពតានតឹងជាមួយប្រទេសចិន និងមួយផ្នែកទៀតជាកិច្ចប្រឹងប្រែងដើម្បីពង្រីកទីផ្សារពាណិជ្ជកម្ម។
ប្រទេសជប៉ុនមានទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគយ៉ាងច្រើនស្រាប់ទៅហើយជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាម ហើយអ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Abe ក្នុងសប្តាហ៍នេះ គឺជាការស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលគេមើលឃើញថាជាប្រភពគន្លឹះនៃកំណើនសេដ្ឋកិច្ចតំបន់។
នៅក្នុងប្រទេសថៃ ការវិនិយោគរបស់ជប៉ុនគឺស្មើនឹងជាង៦០%នៃអត្រាវិនិយោគទុនពីបរទេសដោយផ្ទាល់ទាំងអស់ ដែលមានតម្លៃសរុប ១០.០០០លានដុល្លារ។ ទស្សនកិច្ចរបស់លោក Abe ជាទស្សនកិច្ចដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងរយៈពេលជាងមួយទស្សវត្សរ៍។
សេដ្ឋវិទូថៃ លោក Somphob Manargansan និយាយថា ប្រទេសជប៉ុនបានខិតខំពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយសមាគមអាស៊ាន មួយផ្នែកគឺដើម្បីទប់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់។
លោកថ្លែងថា៖ «ការណ៍នេះគឺខុសពីរបៀបការទូតពីមុនៗរបស់ប្រទេសជប៉ុនក្នុងការទាក់ទងជាមួយប្រទេសផ្សេងៗ។ ឥឡូវនេះយើងឃើញជប៉ុនមានសកម្មភាពក្លៀវក្លាជាងមុនយ៉ាងខ្លាំង ដើម្បីធ្វើសហប្រតិបត្តិការនិងទំនាក់ទំនងនៅជុំវិញពិភពលោក។ ជាពិសេស គោលដៅសំខាន់នោះគឺប្រហែលដើម្បីទប់ទល់នឹងតួនាទីរបស់ប្រទេសចិន។»
ជម្លោះដែនដីបានធ្វើឲ្យល្អក់កកររួចទៅហើយ ដល់ទំនាក់ទំនងរវាងប្រទេសចិនជាមួយប្រទេសជប៉ុននិងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន។ ប្រទេសវៀតណាមនិងហ្វីលីពីនជាភាគីសំខាន់នៅក្នុងជម្លោះអំពីសិទ្ធិកាន់កាប់ធនធាននៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវទាមទារដោយប្រទេសចិន។ ជម្លោះដែនទឹកនេះបានបំបែកប្រទេសអាស៊ានទាំង១០ ដោយប្រទេសដែលស្និទ្ធនឹងប្រទេសចិន បានគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង។
ប្រទេសជប៉ុនមានជម្លោះដែនកោះផ្សេងមួយទៀតជាមួយប្រទេសចិននៅក្នុងសមុទ្រចិនខាងកើត។ ភាពខ្វែងគំនិតគ្នាអំពីសិទ្ធិកាន់កាប់ដែនកោះ ដែលជប៉ុនហៅថា Senkaku ហើយចិនហៅថា Diaoyu នោះ បានធ្វើឲ្យល្អក់កករយ៉ាងខ្លាំងដល់ទំនាក់ទំនងការទូត និងបានកាត់បន្ថយនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
លោក Carl Thayer អ្នកវិភាគខាងកិច្ចការយុទ្ធសាស្ត្រយោធានៅអាស៊ី មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និយាយថា លោក Abe សង្ឃឹមថានឹងអាចកសាងទំនាក់ទំនងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏រឹងមាំស្រាប់ជាមួយប្រទេសហ្វីលីពីននិងវៀតណាម តាមរយៈកិច្ចសន្ទនាជាដៃគូថ្មីមួយខាងផ្នែកយុទ្ធសាស្ត្រយោធា។
លោក Thayer ពន្យល់ថា៖ «ខ្ញុំមើលឃើញថា នេះមានបុព្វហេតុនយោបាយ ការទូត សន្តិសុខ ការពារជាតិ ដើម្បីពង្រឹងតួនាទីរបស់ប្រទេសជប៉ុន ជាសំឡេងទី២។ គឺថាប្រសិនបើមានភាពមិនប្រាកដប្រជាខាងយុទ្ធសាស្ត្រអំពីវត្តមានបន្តរបស់សហរដ្ឋអាមេរិកនៅអាស៊ី នោះជប៉ុនកំពុងបង្ហាញថានៅមានខ្លួនជាសំឡេងទី២ក្នុងតំបន់។ ប្រទេសចិនមិនអាចបំបាត់សំឡេងជប៉ុនបានទេ ហើយជប៉ុននឹងកាន់តែដើរតួនាទីសកម្មជាងមុន។ នេះជាការខាតបង់ចំពោះប្រទេសចិន ដែលបានដាក់សម្ពាធលើប្រទេសជប៉ុនអំពីកោះ Senkaku។»
ទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិនបានបណ្តាលឲ្យអត្រាការនាំចេញទំនិញរបស់ជប៉ុនទៅប្រទេសចិនធ្លាក់ចុះអស់ជាង៨%នៅឆ្នាំ២០១២។ ការណ៍នេះត្រូវបានគេមើលឃើញថាជារឿងធ្ងន់ធ្ងរ ព្រោះប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន។ ឥឡូវនេះជប៉ុនមើលឃើញប្រទេសអាស៊ានថា ជាគន្លឹះខាងយុទ្ធសាស្ត្រដើម្បីទប់នឹងការខាតបង់ខាងពាណិជ្ជកម្មនៅក្នុងប្រទេសចិន។
ទាំងរដ្ឋាភិបាលទីក្រុងតូក្យូនិងទីក្រុងប៉េកាំង មានទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចដ៏យូរលង់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ពីអតីតកាល ប្រទេសអាស៊ីអាគ្នេយ៍មានការមិនទុក្ខចិត្តយ៉ាងខ្លាំងចំពោះបំណងរបស់ប្រទេសមហាអំណាចជប៉ុននិងចិននៅក្នុងតំបន់របស់ខ្លួន។
លោក Ian Storey អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍ (ISEAS) នៅក្នុងប្រទេសសិង្ហបុរីនិយាយថា ទំនាក់ទំនងរវាងមហាអំណាចអាស៊ីបូព៌ាជាមួយប្រទេសអាស៊ីអាគ្នេយ៍ជិតខាងនោះ កំពុងផ្លាស់ប្តូរប្រែត្រឡប់នូវទំនាក់ទំនងដែលមានក្រោយសង្គ្រាមលោកលើកទី២។ លោក Storey ថ្លែងថា នៅពេលជប៉ុនធ្វើការវិនិយោគក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០ ប្រទេសនេះបានរងនូវការរិះគន់ស្រដៀងគ្នាទៅនឹងការរិះគន់ដែលមានសព្វថ្ងៃចំពោះប្រទេសចិន។
លោកថ្លែងថា៖ «ការរិះគន់នោះគឺថា ជប៉ុនពេលនោះ បានប្រើគោលនយោបាយចក្រព័ទ្ធបែបថ្មី និងនយោបាយអាណនិគមនិយមបែបថ្មី (neo-imperialist, neo-colonialist policy) ដើម្បីតែឆក់យកធនធានធម្មជាតិទាំងអស់ពីអាស៊ីអាគ្នេយ៍ ហើយចាក់ចោលនូវទំនេញរោងចក្រជប៉ុនក្នុងតំបន់នេះ។ ហើយជាការណ៍ពិត ការរិះគន់ទាំងនេះគឺជ្រុលហួសហេតុ ព្រោះថាការវិនិយោគរបស់ជប៉ុននៅពេលនោះមានសារៈសំខាន់ខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ ឥឡូវនេះយើងឃើញមានការរិះគន់ប្រហាក់ប្រហែលគ្នានេះចំពោះប្រទេសចិនដែរ។»
មន្ត្រីចិនបានថ្លែងជាសារធារណៈតិចតួចបំផុតទាក់ទងនឹងដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីជប៉ុនទៅកាន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានរិះគន់របាយការណ៍ដែលថាលោក Abe កំពុងស្វះស្វែងឲ្យមានការបង្កើនចំណាយយោធាបន្តិចបន្តួចដើម្បីឆ្លើយតបនឹងជម្លោះដែនដីជាមួយប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានគាំទ្រដោយរដ្ឋចិន បានព្រមានប្រទេសជប៉ុនថា ប្រសិនប្រទេសចិនត្រូវគេបង្កហេតុ នោះពាណិជ្ជកម្មជាមួយជប៉ុននឹងត្រូវគំរាមកំហែង។ ទីភ្នាក់ងារព័ត៌មាន Xinhua បានហៅនយោបាយការបរទេសជប៉ុនថា«មិនឈ្លាសវៃ» និង«មានលក្ខណៈបំផ្លិចបំផ្លាញខ្លួនឯង»។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ជប៉ុន ហើយចាប់តាំងពីឆ្នាំ២០០០មក ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង៣ដងរហូតដល់ចំនួន៣០០.០០០លានដុល្លារ។ ក៏ប៉ុន្តែក្នុងឆ្នាំមុន ពាណិជ្ជកម្មបានធ្លាក់ចុះក្រោយពីមានការធ្វើពហិការនិងបាតុកម្មជាតិនិយមនៅប្រទេសចិនប្រឆាំងនឹងទំនិញជប៉ុន៕
No comments:
Post a Comment